អេនជេលីណា ចូលី អានសំបុត្រក្មេងស្រីអាហ្វហ្គានីស្ថានរួច និយាយដៀមដាមលោកបាយដិនរឿងបោះបង់ចោលប្រជាជាតិមួយនេះ

ទីបំផុត អេនជេលីណា ចូលី បានបង្កើតគណនី Instagram ហើយលោកស្រីបានប្រើពេលវេលានេះដើម្បីបង្កើនការដាស់តឿនអំពីស្ថានភាពស្ត្រីនិងក្មេងស្រីនៅអាហ្វហ្គានីស្ថាន។

តារាសម្តែងនិងជាសកម្មជនវ័យ ៤៦ ឆ្នាំរូបនេះបានប្រើបណ្តាញទំនាក់ទំនងសង្គមនេះកាលពីថ្ងៃសុក្រហើយបានបង្ហោះរូបថតដំបូងនៃសំបុត្រមួយ ដែលផ្ញើដោយក្មេងស្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់។

–>

លោកស្រីចូលីបានសរសេរអមជាមួយរូបភាពនៃសំបុត្រនោះថា នេះគឺជាសំបុត្រដែលក្មេងស្រីជំទង់ម្នាក់នៅអាហ្វហ្គានីស្ថានផ្ញើមកខ្ញុំ។

លោកស្រីបានបន្ដថា ឥឡូវនេះប្រជាជនអាហ្វហ្គានីស្ថានបាត់បង់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងតាមបណ្តាញសង្គមនិងការបញ្ចេញមតិដោយសេរី។ ដូច្នេះខ្ញុំបានចូលមក Instagram ដើម្បីចែករំលែករឿងរ៉ាវនិងសំឡេងរបស់ពួកគេនៅទូទាំងពិភពលោក ដែលកំពុងតស៊ូដើម្បីសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

ក្មេងស្រីជំទង់រូបនេះបានសម្តែងបំណងចង់បន្តការសិក្សារបស់នាងនៅក្នុងសំបុត្រដ៏ខូចចិត្តមួយ ត្បិតនាងដឹងថាពួកតាលីបង់នឹងរារាំងឱកាសទាំងនោះ។

ក្មេងជំទង់នោះបានសរសេរថា អ្នកខ្លះនិយាយថា ពួកតាលីបង់បានកែប្រែហើយ [sic] ប៉ុន្តែខ្ញុំមិនគិតដូច្នេះទេ ព្រោះពួកគេមានអតីតកាលដ៏អាក្រក់ជួជាតិ។

ប្រភពមួយបានប្រាប់ទស្សនាវដ្តី People ថា លោកស្រីចូលីបានបើកគណនី Instagram ដើម្បីជួយផ្សព្វផ្សាយការយល់ដឹងអំពីការគៀបសង្កត់លើស្ត្រីនៅអាហ្វហ្គានីស្ថាន ខណៈសមត្ថភាពរបស់ពួកគេក្នុងការធ្វើទំនាក់ទំនងត្រូវបានកាត់ផ្តាច់។

ប្រភពបាននិយាយថា អេនជីមានអារម្មណ៍ថាត្រូវតែចូលរួមក្នុងគ្រាដែលស្ត្រីនិងយុវជននៅអាហ្វហ្គានីស្ថានបាត់បង់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបញ្ចេញមតិដោយសេរី។ តាមទស្សនៈរបស់លោកស្រី ប្រសិនបើលោកស្រីអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសំឡេងរបស់ពួកគេ នោះលោកស្រីមានអារម្មណ៍ថាវាមានហេតុផលគ្រប់គ្រាន់ដើម្បីចូលរួមនិងប្រើប្រាស់វេទិការបស់លោកស្រី។

ក្មេងស្រីនោះក៏បានសរសេរអំពីរបៀបដែលវាពិបាកយ៉ាងណាក្នុងការទៅសាលារៀន ដោយពួកតាលីបង់ល្បាតតាមដងផ្លូវគ្រប់កន្លែង និងថាតើនាងមានអារម្មណ៍សុវត្ថិភាពកម្រិតណាមុនពេលពួកគេឡើងកាន់អំណាច។

នាងក៏បង្ហាញការព្រួយបារម្ភដែរថា សាលារបស់នាងនឹងត្រូវបិទទ្វារតាមការបញ្ជារបស់ពួកគេ។

ក្មេងជំទង់រូបនោះខ្លាចថា អាហ្វហ្គានីស្ថាននឹងត្រឡប់ទៅ កាលពី ២០ ឆ្នាំមុន ពេលដែលស្ត្រី បាត់បង់សិទ្ធិទាំងស្រុង ដោយបានត្រឹមតែធ្វើការនៅផ្ទះនិងបាត់បង់សេរីភាពគ្រប់យ៉ាង។

លោកស្រីចូលីបានពណ៌នាអំពីរបៀបដែលគេចាត់ទុកជនភៀសខ្លួនអាហ្វហ្គានីស្ថានដូចជា បន្ទុកលំបាកបំផុតមួយ ហើយនិយាយថា ពួកគេក៏អាចធ្វើអ្វីៗបានដោយខ្លួនគេដែរ ឱ្យតែផ្តល់ឧបករណ៍គ្រប់គ្រាន់ដល់ពួកគេនិងផ្តល់ការគោរពត្រឹមត្រូវដល់ពួកគេ។

លោកស្រីចូលីក៏ត្រូវបានបំផុសទឹកចិត្តខ្លាំងផងដែរ ដោយបានជួបស្ត្រីនិងក្មេងស្រីជាច្រើន ដែលមិនត្រឹមតែចង់បានការអប់រំទេប៉ុន្តែថែមទាងបានតស៊ូដើម្បីវាទៀតផង។

លោកស្រីចូលីបានសង្ខេបសម្តីក្នុងន័យវាយប្រហារលោកបាយដិនយ៉ាងដូច្នេះថា ដូចអ្នកដទៃទៀតដែរដែលបានប្តេជ្ញាចិត្តជួយ ខ្ញុំនឹងមិនបោះបង់ពួកគេចោលឡើយ។ ខ្ញុំនឹងបន្តរកវិធីជួយ។ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងចូលរួមជាមួយខ្ញុំ៕ ប្រភព ៖ Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *