ប្រទះឃើញរោងដ៏ស្អាតកណ្ដាលព្រៃជ្រៅ ពួនសម្ងំចាំមើលម្ចាស់ ពេលឃើញទើបភ្ញាក់ផ្អើល

បុរស​ម្នាក់​បានធ្វើ​ដំណើរ​​ផ្សងព្រេង​ចូល​ព្រៃ​ជ្រៅ ​ក៏​ប្រទះឃើញ​រោង​ផ្គុំ​ដោយ​មែក​ឈើ​​តូច​មួយ​ដែល​បាន​​​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​ផ្លែ​បេរី​ព្រៃ​នៅ​គ​រលើ​គ្នា​ម្ដុំៗ​គួរឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​មែនទែន​។​

​ដំបូង​ឡើយ បុ​រស​ផ្សងព្រេង​រុក​រក​ខាង​លើ គិតថា​ប្រហែលជា​មាន​មនុស្ស​មក​សង់​រោង សម្រាប់​រក្សា​ទុក​ផ្លែឈើ​ហើយ​​។ រោង​នោះ​មាន​វិមាត្រ ៣០​សង់ទីម៉ែត្រ គ្រប​ពីលើ​ដោយ​មែកឈើ​តូចៗ​ជុំជិត និង​មាន​មែកឈើ​ធំ​ពីរ​បី​ជា​សសរ​បង្គោល​សម្រាប់​ទ្រ​។ ចំណែក​នៅ​លើដំបូល​មាន​ស្មៅ​ជាច្រើន​ដើម​ដាក់​តម្រៀប​គ្នា ទំនង​សម្រាប់​ទប់​កម្ដៅ ភ្លៀង ខ្យល់ និង​សត្រូវ​នានា​​មក​យាយី​​។​

 

 

​អ្វី​ធ្វើឲ្យ​អ្នកដើរ​ផ្សងព្រេង​កាន់តែ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ គឺ​ក្នុង​រោង​នេះ​មានការ​ខណ្ឌ​ចែក​ជា​ផ្នែកៗ​សម្រាប់​ដាក់​ប្រភេទ​ផ្លែឈើព្រៃ​ខុសៗ​គ្នា​។ បុរស​ដដែល​ទាល់គំនិត​គិត​មិន​ចេញ ទាំង​នឹក​ក្នុង​ចិត្ត​ចង់ដឹង​អ្នកណា​មក​សង់​រោង​ខ្ទម​នៅក្នុង​ព្រៃ​ជ្រៅ​បែបនេះ​។ ហេតុការណ៍​កើតឡើង​នៅក្នុង​ព្រៃ​នៅ​តំបន់​មួយ របស់​ប្រទេស​អូស្ត្រាលី​។​

​ដោយ​ក្ដី​អន្ទះសា​ចង់​ឃើញ គាត់​បាន​សម្រេចចិត្ត​ពួន​សម្ងំ​ចាំ​មើល​នៅ​ក្បែរ​រោង​នោះ​។ រង់ចាំ​មិនចេះ​តិច​នាទី គឺ​រហូត​ដល់​ប្រមាណ​ពីរ​បី​ម៉ោង​ទើប​ម្ចាស់​រោង​នោះ​បង្ហាញ​ខ្លួន​មក​ឲ្យឃើញ​ប្រាកដ​មែន​។ ម្ចាស់​កន្លែង​ខាងលើ ពិតជា​ធ្វើឲ្យ​អ្នក​ផ្សងព្រេង​មិន​នឹកស្មានមែ​ន ម្ចាស់​នោះ ជា​បក្សី​មួយ​ក្បាល​ប្រភេទ Vogelkop Bowerbird ដែល​វត្តមាន​វាភាគ​ច្រើន​នៅ​អូស្ត្រាលី និង​ប្រទេស​កោះ​ Papua New Guinea​។​

​បុរស​ដដែល​បាន​ដើរ​ពិនិត្យមើល​ជុំវិញ​រោង​ឈើ និង​ពិនិត្យ​លើ​មែកឈើ រួច​សន្និដ្ឋានថា បក្សី​នេះ​អាច​ចំណាយ​ពេល​សង់​សំបុក​ដ៏​ស្មុកស្មាញ​នេះ​ប្រើ​រយៈពេល​ប្រមាណ ១០​ខែ​។ នៅខាងមុខ​រោង វា​បាន​ទុកដាក់​ផ្លែឈើព្រៃ​ដែល​​​ខំ​ពាំ​ពី​កន្លែង​នានា មក​តម្រៀប​ដាក់​តាម​ប្រភេទ​ពណ៌​ ដូចជា​វា​ស្គាល់​ផ្លែឈើ​ច្បាស់​អីចឹង និង​ពុំ​មាន​សំរាម​រញ៉េរញ៉ៃ​នៅ​រាយប៉ាយ​ឡើយ​។​

​មនុស្ស​ជាច្រើន​យល់ថា បក្សី​នេះ​ប្រាកដ​ជា​បក្សី​ញី​ហើយ បានជា​រៀបចំ​បរិវេណ​សំបុក​យ៉ាង​ស្រស់​ស្អាត មាន​សណ្ដាប់ធ្នាប់​​ដូច្នេះ ប៉ុន្តែ​ប្រភព​ពី​បុរស​ខាងលើ​បញ្ជាក់ថា បក្សី​នេះ​មិនមែន​ញី​ទេ គឺ​ឈ្មោល​ទៅវិញ ហើយ​វា​ជ្រើសរើស​ផ្លែឈើព្រៃ​ពណ៌​ឆើតៗ និង​ដាក់​ឲ្យមាន​របៀប ព្រោះ​ដើម្បី​ទាក់ទាញ​បក្សី​ញី​ចុះមក​ស៊ី និង​មាន​ឱកាស​បង្កាត់​ពូជ​ជាមួយគ្នា​៕
ប្រភព៖ Loykob

Leave a Reply

Your email address will not be published. Required fields are marked *