រដ្ឋបាលខេត្តមណ្ឌលគិរី បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ២នាក់ ដែលទើបរកឃើញថ្មី នៅក្រុងសែនមនោរម្យ

(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ បន្ថែមទៀត ទី១៖ឈ្មោះ គឹម សារ៉េត ភេទប្រុស អាយុ៧៧ឆ្នាំ និងទី២៖ ឈ្មោះ អ៊ិន សុភាព ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

កន្លងមកអ្នកទាំងពីរបានទៅព្យាបាលជំងឺនៅមន្ទីពេទ្យ ព្រះកុសមៈ ក្រោយពេលត្រឡប់មកវិញ បន្ទាប់ពីមានការសង្ស័យក្រុមការងារឆ្លើយតបបន្ទាន់ក៏បានយកវត្ថុសំណាកធ្វើតេស្តឃើញថាមានវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅពិនិត្យ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឲ្យបានហ្មត់ចត់ មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តនូវវិធានការពារ ៣ការពារ ៣កុំ និង ២ចូលរួមរបស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕

 

Leave a Reply

Your email address will not be published. Required fields are marked *