លះបង់កៅអីរថភ្លើងឲ្យបុរសចំណាស់ ខ្លួនសុខចិត្តឈរ ពេលឱនយករបស់១ គ្រប់គ្នាស្រក់ទឹកភ្នែក…
មនុស្សជាច្រើនរស់នៅក្នុងប្រទេសចិន តែងតែជ្រើសរើសយករថភ្លើងជាមធ្យោបាយដ៏សំខាន់សម្រាប់ធ្វើដំណើរទៅមកចំពោះទីកន្លែងឆ្ងាយៗ ព្រោះវាមានតម្លៃថោក លឿនរហ័សមិនស្ទះដូចរថយន្ត។ ប៉ុន្តែដោយសារតែចំនួនអ្នកដំណើររថភ្លើងមានចំនួនច្រើន គេសម្រេចដាក់លក់សំបុត្រសម្រាប់កៅអីអង្គុយ និងឈរតែម្ដង។
ខាងក្រោមនេះ គឺជារឿងរ៉ាវសាមញ្ញ ប៉ុន្តែវារំជួលចិត្ត និងផ្ដល់កម្លាំងចិត្តសម្រាប់អ្នកអានត្រិះរិះពិចារណា។ ក្នុងអំឡុងរដូវផ្ការីក រថយភ្លើងមួយគ្រឿង បានធ្វើដំណើរចេញពីក្រុងហាងចូវ ទៅក្រុងចេងឌូ ដោយមានផ្ទុកអ្នកដំណើរពេញៗដូចសព្វដង។ បុរសចំណាស់ម្នាក់ជាអ្នកដំណើរបានទិញសំបុត្រជិះរថភ្លើងឈរ ប៉ុន្តែគាត់បានឃើញកៅអីទំនេរមួយ គាត់ក៏អង្គុយនៅក្បែរអ្នកដំណើរផ្សេងទៀត។
អង្គុយបណ្ដើរ នឹកក្នុងចិត្តបណ្ដើរខ្លាចម្ចាស់កៅអីមករកកៅអីរបស់គេវិញ។ បន្តិចក្រោយមក រថភ្លើងក៏ចាប់ផ្ដើមចេញដំណើរ តែម្ចាស់កៅអីនៅតែមិនឃើញបង្ហាញខ្លួន ធ្វើឲ្យគាត់ត្រេកអរ។ ចេញទៅមុខបានមួយសន្ទុះ គាត់ឃើញអ្នកដំណើរពីរបីនាក់ឈរក្នុងរថភ្លើងក្បែរគាត់ ដោយក្នុងនោះមានស្ត្រីម្នាក់អាយុប្រមាណ ២០ឆ្នាំមានសភាពស្លេកស្លាំងអស់កម្លាំង។ នាងមិនអាចឈរខ្លួនត្រង់នឹងថ្កល់ដូចអ្នកផ្សេងឡើយ ហើយនាងត្រូវអ្នកដំណើរដើរចុះ ដើរឡើងរុញប៉ះទៅឆ្វេង ទៅស្ដាំ។
ដោយមើលឃើញដូចជាមិនសូវស្រួល បុរសចំណាស់បានសួរទៅកាន់អ្នកដំណើរស្រីនោះថា «នាងនាង! មើលទៅដូចពិបាកឈរ មានរឿងអ្វី? បើនាងឡើងជិះរថភ្លើងលឿនដូចអ៊ុំ ប្រហែលជាបានកន្លែងអង្គុយស្រួលខ្លួនហើយ។ តើនាងធ្វើដំណើរទៅដល់ទីណាដែរ»? នាងឆ្លើយថា «មិនអីទេ អ៊ុំ។ ខ្ញុំត្រូវជិះរថភ្លើងមួយថ្ងៃកន្លះទើបដល់គោលដៅរបស់ខ្ញុំ»។ បុរសចំណាស់លាន់មាត់ «ថាម៉េច? មួយថ្ងៃកន្លះ? ហើយនាងអាចឈរបានរយៈពេលយូរប៉ុណ្ណឹងដែរ»?
បុរសចំណាស់បន្តថា «អ៊ុំនឹងទៅដល់គោលដៅបន្តិចទៀតហើយ អីចឹងនាងអង្គុយកៅអីអ៊ុំទៅ»។ នាងបានតបបែបផ្អែមល្ហែមវិញថា «មិនអីទេ អរគុណហើយអ៊ុំ»។ មិនយូរប៉ុន្មាន អ្នកត្រួតពិនិត្យសំបុត្រលើរថភ្លើងក៏ដើរមកក្បែរស្ត្រីរូបនេះ ដើម្បីឆែកមើលសំបុត្រ រួចក៏មានអារម្មណ៍ងឿងឆ្ងល់បន្តិច។ គាត់បានចង្អុលទៅកាន់កៅអីអង្គុយមួយ ហើយក៏សួរនាងថា «កៅអីនោះមិនមែនជារបស់នាងទេ? ហេតុអ្វីនាងឈរ»?
នាងបានញញឹម និងមិចភ្នែកដាក់បុរសចំណាស់ រួចនិយាយទៅកាន់អ្នកពិនិត្យសំបុត្រនោះថា «គាត់មានអាយុ ៧០ឆ្នាំ ហើយជាជនពិការទៀត។ វាពិបាកចំពោះគាត់ឈរជិះរថភ្លើងធ្វើដំណើរ»។ អ្នកពិនិត្យសំបុត្រសួរម្ដងទៀត «អ្នកមិនបានប្រាប់គាត់ថា កៅអីនោះជារបស់អ្នកទេ? ឬគាត់មិនដឹងរឿងនេះ»? ស្ត្រីវ័យក្មេងដដែលតប «ខ្ញុំមិនចង់ប្រាប់គាត់ ខ្លួនឯង។ ប្រសិនបើគាត់ដឹងថា ជាកៅអីរបស់ខ្ញុំ គាត់មុខជាឈរ និងប្រគល់ឲ្យខ្ញុំជាមិនខាន»។
អ្នកពិនិត្យសំបុត្របានដើរក្រវែលបុរសចំណាស់ដែលកំពុងគេងលង់លក់លើកៅអី ហើយនិយាយទន់ភ្លន់ទៅកាន់នាងថា «សូមដើរមកតាមខ្ញុំ ខ្ញុំនាំនាងទៅកាន់ភោជនីយដ្ឋានមួយ រកមើលកៅអីទំនេរឲ្យនាង»។ អ្នកដំណើរជុំវិញពេលបានឮការសន្ទនា ពួកគេក៏បានប្រជ្រៀតគ្នាឈរអែបបើកផ្លូវឲ្យពួកគេដើរ។ ភ្លាមៗនោះ ស្ត្រីវ័យក្មេងបានឱនចុះ រួចទាញឈើច្រត់មួយគូចេញពីកាបូប។ អ្នកដំណើរបើកភ្នែកធំៗ និងស្រក់ទឹកភ្នែក ពេលឃើញនាងដើរត្រូវការឈើច្រត់ជំនួយ ខណៈស្ថានភាពសុខភាពរបស់នាងពិបាក តែនៅតែលះបង់កៅអីឲ្យបុរសចំណាស់មិនធ្លាប់ស្គាល់ទៀត។
ដើរបណ្ដើរនាងនិយាយជាមួយអ្នកពិនិត្យសំបុត្របណ្ដើរ រហូតដល់ភោជនីយដ្ឋានលើរថភ្លើងថា៖ ខ្ញុំចិត្តល្អ មិនមានន័យថា ខ្ញុំទន់ខ្សោយទេ។ ខ្ញុំដឹងថា ការដែលចិត្តល្អ គឺជាធម្មជាតិពិតរបស់មនុស្សលោកយើង ដែលត្រូវតែប្រកាន់ខ្ជាប់។
ខ្ញុំជ្រើសរើសការគ្រប់គ្រងខ្លួនឯងបាន និងធម៌ខន្តី មិនមានន័យថា ខ្ញុំកំសាកទេ ព្រោះខ្ញុំយល់ថា ការខន្តីអំណត់អត់ធ្មត់ គឺជាគុណធម៌ដ៏ល្អប្រពៃរបស់សង្គមយើង។ ខ្ញុំជ្រើសរើសការយោគយល់អធ្យាស្រ័យ មិនមានន័យថា ខ្ញុំគ្មានគោលជំហរ ឬគោលការណ៍សម្រាប់ខ្លួនឯងទេ ព្រោះខ្ញុំដឹងថា នៅពេលខ្ញុំអាចអធ្យាស្រ័យចំពោះអ្នកដទៃបាន វានឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត ជ្រះស្រលះក្នុងខ្លួន។
ខ្ញុំជ្រើសរើសយកភាពស្មោះត្រង់ មិនមានន័យថា ទាល់តែខ្ញុំនិយាយត្រង់ៗ ឬនិយាយផ្ទាល់ជាមួយគេនោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់ខ្ញុំ។ មិនចង្អៀតចង្អល់ពេកទេ ខ្ញុំគ្រាន់តែចងចាំថា នៅពេលមានមនុស្សធ្លាប់ធ្វើល្អដាក់ខ្ញុំ ជាការតបស្នងទៅវិញ ខ្ញុំតែងតែធ្វើអំពើល្អបន្តចំពោះអ្នកផ្សេងទៀត ពេលគេត្រូវការ៕
គំនិតអប់រំ៖ ដោយសារអំណាចនៃអំពើល្អ លើកលែងអធ្យាស្រ័យចំពោះអ្នកដទៃ ស្ត្រីអ្នកដំណើរនេះបានទទួលផលនៃអំពើល្អមកវិញទាំងមិនរំពឹងទុក គឺជួបជាមួយអ្នកត្រួតពិនិត្យសំបុត្រចិត្តល្អ រហូតបានញ៉ាំអាហារមិនគិតថ្លៃពីម្ចាស់ភោជនីយដ្ឋានទៀតផង។